Post by Pisith Heng.
បាតុកម្មនៅខាងមុខស្ថានទូតវៀតណាម ត្រូវផ្អាកជាបណ្ដោះអាសន្ន។ នៅថ្ងៃទី២២ ខែកក្កដា នេះ បាតុករមិនបានផ្លាស់ប្ដូរគោលបំណងរបស់ខ្លួនទេ គឺពួកគេទទូចទាមទារឲ្យមន្ត្រីជាន់ខ្ពស់ស្ថានទូតវៀតណាម ចេញមុខមកសុំអភ័យទោសជាសាធារណៈ ចំពោះសម្ដីដែលថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម ជាយូរយារមកហើយនោះ។
ប្រទេសវៀតណាម នៅតែមិនព្រមសុំអភ័យទោសជាសាធារណៈ តាមការទាមទាររបស់បាតុករទេ។ ប៉ុន្តែ បាតុករដែលធ្វើបាតុកម្មប្រឆាំងនឹងសម្ដីមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាម លើកទី២ ថ្ងៃទី២ នេះ បែរជាព្រមដកថយទៅវិញ។ ការដកថយនោះ ធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរសាលារាជធានីភ្នំពេញ ដែលចេញមកទទួលញត្តិជំនួសស្ថានទូតវៀតណាម ព្រមទាំងសន្យាថានឹងយកញត្តិនោះដាក់ជូនក្រសួងការបរទេសកម្ពុជា ដើម្បីចាត់ការបន្តជាមួយក្រសួងការបរទេសវៀតណាម។
តាំងពីម៉ោងជាង ៨ព្រឹកថ្ងៃទី២២ ខែកក្កដា ពលរដ្ឋ និងព្រះសង្ឃជាច្រើនរយនាក់ និងអង្គ បានជួបជុំគ្នានៅមុខស្ថានទូតវៀតណាម តាមបណ្តោយមហាវិថីព្រះមុនីវង្ស។ មហាវិថីដ៏ធំមួយនេះ ត្រូវបានអាជ្ញាធររដ្ឋាភិបាលបិទមួយកំណាត់ខាងមុខស្ថានទូតវៀតណាម មិនឲ្យចរាចរណ៍ឆ្លងកាត់ទេ។ ក្រុមបាតុករគូសមុខរូបសញ្ញាទង់ជាតិខ្មែរកម្ពុជាក្រោម កាន់បដា ពាក់អាវយឺតសរសេរពាក្យស្លោកជាតិនិយមជាច្រើនឃ្លា។ យុវជន ព្រះសង្ឃ ពលរដ្ឋមានបញ្ហាដីធ្លី ផ្លាស់វេនគ្នាម្តងម្នាក់ ឡើងថ្លែងសាររិះគន់មន្ត្រីវៀតណាម។ បាតុករប្រើពាក្យយួន ជំនួសពាក្យវៀតណាម ហើយក៏ស្រែកដង្ហោយឲ្យមន្ត្រីទូតវៀតណាម ចេញសុំអភ័យទោសឲ្យបានឆាប់៖ «សំឡេងស្រែក»។
បាតុករម្នាក់លើកឡើងថា ការដែលវៀតណាម មិនចេញមកសុំទោសជាសាធារណៈនោះ ជាការមើលងាយដល់ប្រជាជាតិខ្មែរទាំងមូល។ រូបគាត់ នឹងបន្តធ្វើបាតុកម្មទៀតនៅពីរសប្ដាហ៍បន្ទាប់៖ «អាហ្នឹងវាធម្មតា ពលរដ្ឋខ្មែរយើងទាំងអស់អត់សុខចិត្តទេ យើងចង់ឲ្យខាងស្ថានទូតយួន ហ្នឹង ទទួលខុសត្រូវនូវអ្វីដែលគេបាននិយាយ យើងមិនចង់ឲ្យសាលាក្រុងជាអ្នកទទួលញ្ញត្តិជំនួសយួន ទេ យើងចង់ឲ្យទូតយួន ទទួលញត្តិ»។
បាតុកម្មរំសាយនៅវេលាម៉ោងជាង ១២ព្រឹក គឺបន្ទាប់ពីមន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ចេញមកទទួលញត្តិ និងបន្ទាប់ពីពលរដ្ឋម្នាក់ បានផ្ទុះកំហឹងហែកទង់ជាតិវៀតណាម ចោល។ ក្រុមបាតុករភាគច្រើន ចាត់ទុកអ្នកដែលមានបំណងបំផ្លាញទង់ជាតិវៀតណាម នោះ ជាអ្នកនៅខាងក្រៅក្រុមបាតុករស្នេហាជាតិ។ ពួកគេក៏ចាត់ទុកថា បុគ្គលនោះជារនុកក្នុង ដែលទូតវៀតណាម បង្កប់ ដើម្បីបង្កអំពើហិង្សា ហើយរកលេសទម្លាក់កំហុសលើក្រុមបាតុករខ្មែរកម្ពុជាក្រោម។ ទន្ទឹមនឹងនោះ បាតុករមួយចំនួនក៏មិនពេញចិត្តនឹងការផ្អាកបាតុកម្មដែរ ហើយពួកគេចង់បន្តធ្វើបាតុកម្មរហូតដល់វៀតណាម ព្រមសុំទោស។ បាតុករទាំងនោះព្រមព្រៀងគ្នាថា នឹងបន្តធ្វើបាតុកម្មជាថ្មីទៀត នៅពីរសប្ដាហ៍បន្ទាប់ បើសិនជាក្រសួងការបរទេសកម្ពុជា មិនព្រមផ្ញើកំណត់ការទូតទៅវៀតណាម ហើយវៀតណាម ក៏នៅតែមិនព្រមនោះ។
ទោះជាបែបណា ស្ថានទូត និងក្រសួងការបរទេសវៀតណាម មិនទាន់មានប្រតិកម្មបែបណាជុំវិញស្ថានការណ៍នេះទេ។
កាលពីថ្ងៃទី២១ ខែកក្កដា បាតុករជាតិនិយមខ្មែរជាច្រើនពាន់នាក់ បានដង្ហែក្បួនដាក់ញត្តិទៅប្រទេសមហាអំណាចទាំង ៥ និងស្ថានទូតសហភាពអឺរ៉ុប និងមានគម្រោងដាក់ញត្តិនៅស្ថានទូតវៀតណាម ទៀតផង។ ស្ថានទូតប្រទេសមហាអំណាចទាំង ៥ មានទូតបារាំង អង់គ្លេស សហរដ្ឋអាមេរិក រុស្ស៊ី និងចិន និងស្ថានទូតសហភាពអឺរ៉ុប សុទ្ធតែចាត់មន្ត្រីចេញមុខទទួលញត្តិរបស់បាតុករ ប៉ុន្តែមានតែស្ថានទូតវៀតណាម មួយគត់ ដែលមិនព្រមទទួលញត្តិ និងបង្គាប់ឲ្យបាតុករដាក់ញត្តិទៅខណ្ឌចំការមន។
អស់រយៈពេលជាង ១ខែទៅហើយ ដែលមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាម និយាយបំភ្លៃប្រវត្តិសាស្ត្រខ្មែរ ដោយលើកឡើងថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម តាំងពីយូរយារណាស់មកហើយ ប៉ុន្តែក្រសួងការបរទេសកម្ពុជា មិនទាន់មានប្រតិកម្មបែបណានៅឡើយទេ។
ក្រុមអ្នកវិភាគបញ្ហាសង្គមយល់ថា បើរដ្ឋាភិបាលដោះស្រាយចំណោទនេះមិនបានទេនោះ នឹងនាំឲ្យមានបញ្ហាស្មុគស្មាញទៅថ្ងៃមុខមិនខាន។ តើរដ្ឋាភិបាលកម្ពុជា អាចស្នើឲ្យសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ទទួលស្គាល់ប្រវត្តិសាស្ត្រ ឬបង្ក្រាបសាច់ឯង ដើម្បីផ្គាប់ចិត្តក្លើ?
នៅរសៀលថ្ងៃទី២២ ខែកក្កដា តំណាងបាតុករមានប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ជាអ្នកដឹកនាំនោះ ក៏បានជួបប្រជុំគ្នាជាមួយសាលារាជធានីភ្នំពេញពីបញ្ហានេះដែរ។ លោក ថាច់ សេដ្ឋា ឲ្យដឹងថា ក្រុមបាតុករទុកពេលឲ្យអាជ្ញាធរដោះស្រាយជាមុនសិន មុននឹងសម្រេចថាធ្វើបាតុកម្មទ្រង់ទ្រាយធំជាថ្មីនោះ៕
No comments:
Post a Comment