ដោយ៖ ស៊ុន ណារិន | ថ្ងៃសៅរ៍ ទី19 កក្កដា 2014,
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃសៅរ៍នេះ ស្នើឲ្យមានការចរចាជាបន្ទាន់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ ការដោះលែងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងការបើកទីលានប្រជាធិបតេយ្យឡើងវិញ។
លោក សម រង្ស៊ី ថ្លែងបែបនេះ នៅពេលលោកដឹកនាំអ្នកគាំទ្រជាច្រើនពាន់នាក់ ដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែ នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៤។
លោក សម រង្ស៊ី ប្រកាសជាសាធារណៈនៅក្បែរទីស្តីការគណៈរដ្ឋមន្ត្រីថា លោកស្នើឲ្យមានការចរចាបន្ទាន់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសខាងនយោបាយនៅកម្ពុជា និងស្នើឲ្យមានការដោះលែងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ៧រូប និងសកម្មជនម្នាក់ពីពន្ធនាគារ ដោយគ្មានលក្ខខណ្ឌ ។ លោកបញ្ជាក់ថា បញ្ហាជាប់គាំងនយោបាយ បញ្ហាឃុំខ្លួនបេក្ខជនតំណាងរាស្ត្រ និងការបើកទីលានប្រជាធិបតេយ្យ ជារបៀបវារៈតែមួយ ដែលត្រូវដោះស្រាយបញ្ចប់តាមរយៈការចរចាក្នុងពេលឆាប់ៗខាងមុខនេះ។
លោក សម រង្ស៊ី ព្រមានថា បើការចរចាមិនអាចទៅរួចលោកនឹងដឹកនាំយុទ្ធនាការរំដោះទីលានប្រជាធិបតេយ្យ និងទាមទារឲ្យដោះលែងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្ស។ លោកសង្ឃឹមថា ដំណើរត្រឡប់មកវិញរបស់លោក នឹងអាចធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជា បានធូរស្រាលឡើងវិញ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍កាលពីថ្ងៃសុក្រថា ការចរចានៅតែមានជាមួយគណបក្សសង្គ្រោះជាតិ តែប្រសិនបើមិនធ្វើឲ្យបានឆាប់នោះទេ គណបក្សសង្គ្រោះជាតិ អាចប្រឈមការបាត់បង់អាសនៈនៅរដ្ឋសភា តាមរយៈការអនុវត្តច្បាប់បោះឆ្នោត។
ការខ្វែងគំនិតគ្នាចុងក្រោយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅត្រង់ការបោះឆ្នោតសម្តែងការទុកចិត្តលើ សមាសភាព គ.ជ.ប ដោយគណបក្សសង្គ្រោះជាតិ ទាមទាររូបមន្តសំឡេង២/៣នៃរដ្ឋសភា រីឯគណបក្សប្រជាជនកម្ពុជាទាមទារសំឡេង៥០បូក១៕
1 comment:
Why Sam Rainsy has not led any protest before. Mu Sochua has been the one who led those protests and now she is in jail.
-Drgunzet-
Post a Comment