ដោយ៖ ញឹម សុខន | ថ្ងៃអាទិត្យ ទី20 កក្កដា 2014,
មេដឹកនាំគណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរជាថ្មីទៀតថា សាមគ្គីផ្ទៃក្នុងរបស់បក្សប្រឆាំងមួយនេះ នៅតែរឹងមាំ បើទោះបីមាន ចរន្តបំបែកបំបាក់ក៏ដោយ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ របស់បក្សប្រឆាំងចំនួន៧រូប និងសកម្មជនមួយរូបត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន។
ក្នុងកម្មវិធីសួរដេញដោលនៅវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៤ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងសកម្មជន ដែលបានចាប់ខ្លួននោះ គ្មានកំហុសទេ។ លោកថាអ្នកដែលបង្កឲ្យមានហិង្សាគឺជាក្រុមសន្តិសុខ របស់បក្សកាន់អំណាច។
លោក កឹម សុខា ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យបង្ហាញខ្លួន នៅថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក ដើម្បីបំភ្លឺ ពីការទទួលខុសត្រូវ ដែលនាំទៅដល់ការចាប់ឃុំខ្លួន អ្នកទាំង៨រូប រឿងផ្ទុះហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ៧រូប និងសកម្មជនមួយរូប ត្រូវព្រះរាជអាជ្ញាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ចោទពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋ និងកុបកម្មប្រឆាំងមន្ត្រីសាធារណៈ។
លោកកឹម សុខា ពេលនោះមានតួនាទីជាប្រធានស្តីទី ខណៈលោកសម រង្ស៊ី ជាប្រធាន ចេញទៅបំពេញបេសកកម្មកាទូតជាងមួយខែនៅក្រៅប្រទេស។
ក្នុងកម្មវិធីពិភាក្សាតុមូលនោះដែរ ប្រធានបក្សប្រឆាំងលោក សម រង្ស៊ី អំពាវនាវឲ្យបក្សកាន់អំណាចដោះលែងអ្នកដែលត្រូវឃុំខ្លួននោះជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ បើពុំនោះទេ បក្សកាន់អំណាច នឹងរងការចោទថា កំពុងរំលោភសិទ្ធិពលរដ្ឋរាប់ម៉ឺននាក់ និងធ្វើរដ្ឋប្រហារដ្ឋធម្មនុញ្ញ។
យ៉ាងណាក៏ដោយលោក សម រង្ស៊ី បញ្ជក់ថា បើទោះបីគណបក្សសង្គ្រោះជាតិរងការរំលោភសិទ្ធិម្តងហើយម្តងទៀតក៏ដោយ ក៏ចំណងសាមគ្កី រវាងលោក និងលោកកឹម សុខា មិនបែកបាក់ទេ។ ពិសេសជាងនេះ លោកថា បើតុលាការចាប់ឃុំខ្លួនលោក កឹម សុខា ពេលចូលបំភ្លឺតាមដីកាកោះ នោះលោក ស្ម័គ្រចិត្តចូលពន្ធនាគារ ជាមួយលោក កឹម សុខាដែរ៕
សរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
1 comment:
Book liar you hate Kem so much now you are cursing Mr. Kem don't you.?
Post a Comment