A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 July 2014

The CNRP plans to summon Energy Minister Suy Sem before the parliament regarding a land dispute with villagers in Lorpeang village, Kampong Chhnang province បក្ស​សង្គ្រោះ​ជាតិ​គ្រោង​កោះ​ហៅ​លោក ស៊ុយ សែម បំភ្លឺ​រឿង​ជម្លោះ​ដី​នៅ​ឡពាង

ស៊ុយ សែម ៦១០
លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ​និង​ថាមពល ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្នុង​មន្ទីរ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ ២០១៤។
RFA/Yeang Socheameta
បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​កោះ​ហៅ លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ឲ្យ​ចូល​ខ្លួន​ក្នុង​សភា ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​នេះ​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ។
នៅ​គ្រា​ដែល​កម្លាំង​សមត្ថកិច្ច​រឹតត្បិត​ការ​ចេញ​ចូល​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡពាង និង​នៅ​ក្បែរ​ដី​មាន​ជម្លោះ​នោះ បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង លោក គី វណ្ណដារ៉ា អះអាង​ថា ខ្លួន​មាន​គោល​ជំហរ​ច្បាស់​លាស់​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក​ជូន​ប្រជាពលរដ្ឋ ហើយ​ករណី​នៅ​ឡពាង នេះ នឹង​មាន​ការ​កោះ​អ្នក​ពាក់ព័ន្ធ​មក​សាកសួរ និង​ដោះស្រាយ​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ។
លោក គី វណ្ណដារ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា ប្រសិន​ចូល​ធ្វើ​ការ​ក្នុង​សភា គណបក្ស​សង្គ្រោះ​ជាតិ មាន​សមាជិក​គ្រប់គ្រាន់​ក្នុង​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​ណា​ម្នាក់​មក​សាកសួរ​លើ​បញ្ហា​អ្វី​មួយ។ ប៉ុន្តែ បច្ចុប្បន្ន​មិន​ទាន់​សម្រេច​ជា​គោលការណ៍​ថា​នឹង​ចូល​សភា​នៅ​ថ្ងៃ​ណា​នោះ​ទេ៖ «ប្រជាពលរដ្ឋ​ឡពាង ដែល​មាន​វិវាទ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់ អ៊ីចឹង​គួរ​ក៏​ត្រូវ​តែ​ដឹង​ឮ​បញ្ហា​ហ្នឹង ហើយ​បើ​យើង​ចូល​សភា យើង​នឹង​កោះ​អញ្ជើញ​គាត់​ឆ្លើយ​បំភ្លឺ​រឿង​ហ្នឹង​ដែរ ពីព្រោះ​នេះ​ជា​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រាប់​ឆ្នាំ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទៅ​មិន​ចង់​ឃើញ​អ្នក​ឡពាង រងគ្រោះ​របៀប​ហ្នឹង​ទេ»
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង លោក ស៊ុយ សែម ដែល​ជា​ស្វាមី លោកស្រី ជា ខេង ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​បេក្ខជន​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​នេះ​បាន​នៅ​ឡើយ​ទេ។ ចំណែក​តំណាង​ក្រុមហ៊ុន លោក ថៃ ហ៊ី ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ភាគី​ក្រុមហ៊ុន​នៅ​តែ​បន្ត​ចរចា និង​ចង់​ដោះស្រាយ​បញ្ចប់​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១៥​គ្រួសារ ដែល​នៅ​សេសសល់ ប៉ុន្តែ​ចំពោះ​គ្រួសារ​ដែល​ងើប​ឡើង​តវ៉ា​ថ្មី​នោះ ភាគី​ក្រុមហ៊ុន​ដាច់​ខាត​នឹង​មិន​ធ្វើ​ការ​ដោះស្រាយ​ជូន​ឡើយ។
ជម្លោះ​ដីធ្លី​ឡពាង កំពង់ឆ្នាំង ៦១០
ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Chin Chetha
តំណាង​អ្នក​ភូមិ​ឡពាង អ្នកស្រី អ៊ុំ សុភី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០​នាក់ ដែល​កំពុង​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ផ្ទះ​ក្បែរ​ដី​មាន​ជម្លោះ នៅ​តែ​ចិញ្ចឹម​ចិត្ត​ថា​នឹង​ងើប​ឡើង​តវ៉ា​ជា​ថ្មី​ទៀត នៅ​ខាង​មុខ​តុលាការ និង​សាលា​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ពលរដ្ឋ​ពីរ​នាក់ និង​រក​ដំណោះស្រាយ​ដីធ្លី​ជូន​អ្នក​ភូមិ បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​ពលរដ្ឋ​មួយ​ចំនួន​ធំ ដែល​បាន​រត់​ចូល​ព្រៃ​គេច​ពី​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​របស់​សមត្ថកិច្ច កាល​ពី​ពេល​កន្លង​ទៅ៖ «ឥឡូវ​នេះ ពួក​ខ្ញុំ​ឋិត​នៅ​ក្នុង​សភាព​មួយ​លំបាក មិន​អាច​ចេញ​ចូល​បាន ហើយ​មាន​ការ​ហ៊ុមព័ទ្ធ​ពី​សមត្ថកិច្ច​គ្មាន​ការ​ដក​ថយ​ទេ ហើយ​មាន​តែ​ការ​បំបែក​កម្លាំង​ពួក​ខ្ញុំ​ចេញ​ពី​សហគមន៍​ហ្នឹង​ឯង កុំ​ឲ្យ​ពួក​ខ្ញុំ​តវ៉ា»

ទាក់ទង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា បដិសេធ​ថា ខាង​លោក​មិន​បាន​ដឹង​ការ​រឹតត្បិត​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល​នេះ​ទេ។ ប៉ុន្តែ​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក លី វីរៈ ធ្លាប់​ពន្យល់​ជុំវិញ​ការ​ដាក់​កម្លាំង​នៅ​ក្នុង​ភូមិ​ឡពាង ថា គឺ​ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​អ្នក​ភូមិ និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន បន្ទាប់​ពី​ឃើញ​អ្នក​ភូមិ​មាន​ប្រើ​ចម្ពាម​កៅស៊ូ ស្នា និង​ដប​សាំង ជាដើម។
កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ចំនួន ២​នាក់​បណ្ដោះអាសន្ន​ដែល​មាន ទី​១​ឈ្មោះ ម៉ាង យ៉ាវ និង​ទី​២​ឈ្មោះ សៀង ហេង ក្រោម​បទ​ចោទ​ដូច​គ្នា គឺ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ការ​ឃុំ​ខ្លួន​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ ព្យាយាម​វាយ​ទម្លុះ​របង​ក្រុមហ៊ុន​ដែល​អះអាង​ថា សង់​រំលោភ​លើ​ដី​ពួក​គាត់ ហើយ​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម បណ្ដាល​ឲ្យ​រង​របួស​ទាំង​សង​ខាង​ជាង ២០​នាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤៕

No comments: